បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងផ្សារភ្ជាប់វិស័យឯកជន រវាង កម្ពុជា-ព្រុយណេ

ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​លើការ​ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រ​អនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានឯកភាពរវាង សម្តេចធិបតី និងព្រះចៅ ស៊ុលតង់។

ប្រទេសទាំងពីរបានប្រកាសឯកភាពគ្នាបែបនេះ ក្នុងជំនួបសម្ដែងការគួរសមរវាង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ​បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និង​បានពាំនាំ​ការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រថ្វាយ​ជូនចំពោះព្រះចៅស៊ុលតង់ផងដែរ។

សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព​នៃវិស័យការពារជាតិ ដែលសម្តេចធិបតី ​បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។

ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ​សម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏​ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ ​និង​សម្តេចតេជោ ប្រធាន​ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

នៅក្នុងជំនួបនេះ សម្តេចធិបតី ​និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគត​នៃការបង្កើន​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេដែលផ្តោតជាពិសេសទៅ​លើ​វិស័យការពារជាតិ សន្តិសុខ អប់រំ និង​បណ្តុះបណ្តាលធនធានមនុស្ស កសិកម្មក៏ដូចជាការផ្សារ​ភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ ព្រះចៅស៊ុលតង់ ​បានអញ្ជើញ ​សម្តេចធិបតី​ មកបំពេញទស្សនកិច្ចផ្លូវការ​នៅព្រុយណេ ​នាពេលខាងមុខនេះ ​។ ​សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមាន​ចំពោះការ​អញ្ជើញ​នេះ និងបានអញ្ជើញព្រះចៅស៊ុលតង់ ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃ​អនាគត ៕