គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បានផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា

The Belt and Road Initiative, Samdech Hun Manet emphasizes that it has brought many benefits to Cambodia; 

 ឥណ្ឌូណេស៊ី៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានធ្វើឡើងនៅក្នុងប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការ​ចូលរួមពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ប្រទេស។

កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម ​នៃទំនាក់ទំនងល្អ ក្នុងអំឡុង​ពេលជិត៣​ទស្សវត្សរ៍​រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, ​គំនិតផ្តួចផ្តើមខ្សែក្រវាត់​ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ​ជាពិសេសក្នុងវិស័យដឹកជញ្ជូន​ និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជា​ឧទាហរណ៍ស្រាប់ យោងតាមការបញ្ជាក់របស់សម្ដេចធិបតី ។

សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់​នៃវិស័យទេសចរណ៍​ ដែលជាក្បាលម៉ាស៊ីន​ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ​នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមាន​វិបត្តិកូវីដ-១៩។ ក្នុងន័យនេះ,សម្ដេចធិបតី បានសង្កត់ធ្ងន់​ពី​ភាពចាំបាច់ដែលអាស៊ាន​ត្រូវជំរុញ​ការអនុវត្តប្រកបដោយប្រសិទ្ធភាព ​នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ច​សហប្រតិបត្តិការទេសចរណ៍។

សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ​ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន ​លើកទី២០ (CAEXPO ) និង​ដំណើរ​ទស្សនកិច្ចនៅទីក្រុងប៉េកាំង ​ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។

បើតាមលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថា ​កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦នេះ ​បណ្តាថ្នាក់ដឹកនាំ​អាស៊ានប្រាថ្នាចង់ឃើញ​ទំនាក់ទំនង​រវាង​កំពូល​មហាអំណាចចិន និង​សហរដ្ឋអាមេរិក​ ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដល់តំបន់ទាំងមូលផងដែរ៕