អាចឡើងឈរតំណែងលេខ១ ពិភពលោក Aryna Sabalenka ក្រោយ Iga Swiatek ចាញ់

កីឡាការិនីវាយកូនបាល់ Aryna Sabalenka បេឡារុស ក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីការបរាជ័យរបស់ Iga Swiatek ត្រឹមជុំទី ៤។

ក្នុងវ័យ ២៥ ឆ្នាំកីឡាការិនីរូបនេះនឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។

កីឡាការិនី Iga Swiatek ប៉ូឡូញ បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ​ ២០២២ បន្ទាប់​ពី​ការ​ចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើក​បន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០។

ទោះជាយ៉ាងណា ការប៉ុនប៉ងចង់ឈ្នះជើងឯក US Open របស់ Iga Swiatek ត្រូវបាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិឡេតូនី Jelena Ostapenko ៣-៦ ៦-៣ និង ៦-១ ខណៈ Ostapenko ដែលធ្លាប់ឈ្នះជើងឯក Grand Slam, French Open កាលពីឆ្នាំ ២០១៧ នោះ​ នឹងបន្តជួបជាមួយកីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅវគ្គ ៨ នាក់​ចុង​ក្រោយ​៕