សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍន៍

ឥណ្ឌូណេស៊ី៖ នៅទីក្រុងហ្សាការតា តាំងពីម្សិលមិញមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួប​មេដឹកនាំ​បរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ សីហា មក ឥឡូវនេះជាពេលដែលសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។

តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីឡាវ និងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន កាលពីម្សិលមិញសម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញ និងក្នុងន័យពង្រឹងជំហររបស់កម្ពុជា​នៅលើឆាកអន្តរជាតិ។

នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង (សង្គ្រាមនៅអ៊ុយក្រែន) និង នៅក្នុងបរិបទតំបន់មួយ​ប្រកបដោយគ្រោះថ្នាក់(ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាស៊ី-ប៉ាស៊ីហ្វិក) សម្តេច ហ៊ុន ម៉ាណែត ​អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។

ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន​ លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី ​និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍​នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា ​សំដៅជាពិសេសទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។

ដោយឡែក ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាព និងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច ​បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការ​អភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ប្រាថ្នាចង់បាន ទីមួយ. ពិភពលោកមួយពហុភាគីនិយម ​ព្រមទាំងសណ្តាប់ធ្នាប់​ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងលើគោលការណ៍ ​មិនជ្រៀតជ្រែក។ ទីពីរ. សម្តេច ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ាន​ជាមហាអំណាច​សេដ្ឋកិច្ច​ពិភពលោកទី៥) ​ដែល​ត្រូវតែពង្រឹង ​តាមរយៈការបន្តសមាហរណកម្មតំបន់ ​និង​តាមរយៈការ​ពង្រីក​សមាហរណកម្មទៅក្រៅតំបន់ ​នៅ​លើវិស័យ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម៕ ដោយ៖ ហ្សង់ ហ្វ្រង់ស័រ តាន់