សៀង ចន្ធា រកបាន១គ្រាប់ឲ្យ Al Shahaniya ក្នុងពានរង្វាន់ Qatar Cup

កាតា៖ ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ ក្រុម Al Shahaniya SC ជាសមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា បានយកឈ្នះក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។

ខ្សែប្រយុទ្ធ សៀង ចន្ធា ប្តូរចូលនៅតង់ទី២ នាទី៥៥’ ​បង្ហាញខ្លួនបាន ៣៥នាទី និងរកបាន១គ្រាប់ ជាចំណែកនៅក្នុងជ័យជម្នះ ៧-០ របស់ក្លិបបាល់ទាត់ Al Shahaniya SC ផងដែរ។

សូមរំលឹកថាកីឡាករវ័យក្មេង សៀង ចន្ធា ផ្លាស់ទៅ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

សៀង ចន្ធា គឺជាថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ ២០១៦-១៩ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៣ ដោយបង្ហាញខ្លួនបាន ៤៥លើក ស៊ុតបាន២៣គ្រាប់ ខណ:ក្នុងក្រុមជម្រើសជាតិវិញ ចន្ធា ជាប់តាំងពីឈុត U-17, U-19, U-22, U23 និងឈុតធំ មិនដែលបាត់មុខម្តងណាឡើយ៕