រួមផ្លូវយូរប៉ុណ្ណាក៏នៅតែបែកពីថោន ទៅកាឡាក់ស៊ី
តារាចម្រៀងប្រុស គូម៉ា នៅតែស្ពាយបង្វេចចេញពីថោន ខណៈផលិតកម្ម ថោន បានរបូតគ្រាប់ពេជ្រមួយគ្រាប់ទៀតទៅឱ្យផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ក្រោយរួមរស់ជាមួយគ្នាជិតមួយទសវត្សរ៍។
តាមដំណឹងរសើបចុងក្រោយថា តារាចម្រៀងប្រុស គូម៉ា បានសម្ងំស្ងប់ស្ងាត់ចេញបទចម្រៀងមួយពីផលិតកម្មថោន នោះក៏ព្រោះតែលោកទទួលបានការចរចាទ្រនំថ្មីពីខាងកាឡាស៊ីណាវ៉ាត្រាយ៉ាងកក់ក្ដៅ។
ថោនមានគ្រាប់ពេជ្រដ៏មានតម្លៃជាច្រើន ដែលបានរបូតចេញពីផលិតកម្មនេះ គឺមានម្ដងមួយគ្រាប់ៗ ខណៈដែលតារាចម្រៀង ខេម បានចូលកាឡាក់ស៊ីណាវ៉ាត្រា នៅឆ្នាំ ២០២០។ ហើយជាមួយគ្នានោះ គ្រាប់ពេជ្រផ្សេងទៀតដែលបានដើរចេញពីថោនទៅផលិតកម្មផ្សេងមានដូចជា អ្នកនាង មាស សុខសោភា កញ្ញា រ៉ាប៊ី លោក Tempo និងអ្នកនិពន្ធ អ្នកផលិតបទភ្លេងល្បីៗជាដើម ដែលពួកគេសុទ្ធសឹងតែជា Key សំខាន់របស់ថោន។
សូមបញ្ជាក់ថា កាឡាក់ស៊ីណាវ៉ាត្រា គឺជាផលិតកម្មទី ៣ របស់គូម៉ាឈានជើងចូល ក្នុងការសម្រេចចិត្តបន្តបម្រើការងារសិល្បៈចម្រៀង ដែលកាលនោះ ក្រោយប្រឡងជាប់ជយលាភីលេខ១ពីកម្មវិធី «ពានតារា ២០០៨» របស់ស្ថានីយទូរទស្សន៍ CTN ហើយភ្លាមៗ លោកក៏បានក្លាយជាតារាចម្រៀងកុងត្រាឱ្យផលិតកម្ម M លុះដល់ពាក់កណ្ដាលឆ្នាំ ២០១៤ លោកក៏បានរើបង្វេចចូលមកថោនវិញ។
សូមជម្រាបថា តារាចម្រៀងប្រុស គូម៉ា ត្រៀមនឹងបង្ហាញមុខក្នុងសន្និសីទសារព័ត៌មានផ្លូវការពីការប្រកាសខ្លួនជាតារាចម្រៀងផ្លូវការរបស់ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា នាពេលខាងមុខនេះដែរ៕