១ម៉ឺនបាត មុនថ្ងៃសង្រ្កាន្តឆ្នាំថ្មី អាយុ១៦ឆ្នាំឡើងគ្រប់គ្នានឹងទទួលបាន
ថៃ៖ រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន បានរំពឹងលើការសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ និងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
គណបក្សភឿថៃសន្យាដល់ប្រជាជន មានគោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាមានការសន្យាមួយក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។
យ៉ាងណា រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។ លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។
ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ នេះយោងតាមនាយករដ្ឋមន្ត្រីថ្មី ។
ក្នុងនោះអគ្គលេខាធិការរងរបស់គណបក្សភឿថៃលោក Paopoom Rojanasakul បាននិយាយកាលពីថ្ងៃសុក្រថា “មុនថ្ងៃសង្ក្រាន្តក្នុងខែមេសាឆ្នាំ២០២៤ ប្រជាជនថៃជាង៥០លាននាក់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងអាចបានប្រាក់ហើយចំណាយ១០០០០បាត តាមរយៈប្រព័ន្ធឌីជីថល។ ប្រាក់ជាង៥៦០ពាន់លានបាត នឹងត្រូវចែកចាយទៅគ្រប់តំបន់ទូទាំងប្រទេស”។
លោកអះអាងថា ទឹកប្រាក់ប្រមាណ៥៦០ពាន់លានបាត ដែលទាមទារសម្រាប់គម្រោងនេះគឺនឹងមិនប៉ះពាល់ដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់រាជរដ្ឋាភិបាលទេ ហើយប្រាក់ក៏នឹងមិនយកពីកម្ចីរបស់រដ្ឋដែរ៕