កិច្ចសហប្រតិបត្តិការ ក្រសួងអប់រំ បានផ្ដល់ទៅ សាលារៀននៅប្រទេសម៉ាលី ជាមួយស្តង់ដាសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ Ms EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយកសាលា Samdech Hun Sen School Complex នៃប្រទេសម៉ាលី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ Ms EVa Mysliwiec បានអញ្ជើញមកជាមួយ លោកនាយកសាលា Samdech Hun Sen School Complex ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។ ឆ្លើយតបទៅនឹងការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។

ការផ្ដោតជាពិសេសលើ ការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ បន្ថែមពីនេះទៅទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។

សូមរំលឹកថា កាលពីកំឡុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលានោះត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex៕