ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ជិះម៉ូតូ បង្កហឹង្សាតាមផ្លូវសាធារណ:បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ យុវជនម្នាក់ក្នុងចំណោមបក្សពួក ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈនៅទីប្រជុំជន។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿនបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។

សូមរំលឹក នៅថ្ងៃទី៣១.០៨.២០២៣ វេលាម៉ោង១៦:៤០នាទី មានករណីហឹង្សាដោយចេតនាមួយ បង្កឡើងដោយមានក្មេងស្ទាវចំនួន០២ក្រុម មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ។

ឈ្មោះ សួរ គឹមសៀន នៅចំពោះមុខសមត្ថកិច្ចសួរនាំបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពនៅចំណុចកើតហេតុទីនោះពិតមែន ចំណែកបក្សពួករបស់គេ មានគ្នា ៦នាក់ កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាពគប់ទៅលើក្រុមម្ខាងទៀត) និងក្រុមម្ខាងទៀតកំពុងគេចខ្លួនផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលផែនព្រហ្មទណ្ឌ បាន និងកំពុងបន្តការស្រាវជ្រាវស្វែងរកពួកជនសង្ស័យដែលកំពុងរត់គេចខ្លួន។ រីឯជនសង្ស័យឈ្មោះ សួរ គឹមសៀន កម្លាំងនគរបាលការិយាល័យកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕