កុមារយ៉េម៉ែន WHO សម្តែងកង្វល់ពីការកើនឡើងនៃជំងឺកញ្ជ្រឹល និងជំងឺស្អូច
កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងករណីជំងឺកញ្ជ្រឹល និងស្អូច ក្នុងចំណោមកុមារ នៅក្នុងប្រទេសយ៉េម៉ែនដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការងារចាក់ថ្នាំបង្ការរបស់ខ្លួន ប្រឈមនឹងការខ្វះខាតថវិកា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ WHO បានឲ្យដឹងគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ចំនួនករណីសង្ស័យថា មានកើតជំងឺកញ្ជ្រឹល និងស្អូច នៅក្នុងប្រទេសយ៉េម៉ែន បានកើនឡើងដល់ជិត ៣៤.៣០០នាក់ ហើយមានអ្នកស្លាប់ចំនួន ៤១៣នាក់ បើធៀបនឹងករណី ២៧.០០០ និងេពាក់ព័ន្ធនឹងការស្លាប់ ២២០ករណី ក្នុងឆ្នាំ២០២២។
នាពេលថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា កុមារ នៅយេម៉ែន មានចំនួន ១២,៩លាននាក់ ក្នុងចំណោមចំនួនប្រជាជនទាំងអស់ ២៣,៤លាននាក់ យោងតាមសេចក្តីថ្លែងការណ៍ប៉ាន់ប្រមាណ។
បើតាមការប៉ានស្មាននៃរបាយការណ៍ចាក់ថ្នាំបង្ការរបស់ WHO និង UNICEF សម្រាប់ឆ្នាំ២០២២ កុមារ ២៧ភាគរយ ដែលមានអាយុក្រោម ១ឆ្នាំ នៅយ៉េម៉ែន មិនត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ហើយមិនបានបំពេញតាមវ៉ាក់សាំង ដែលមានចំនួនដ៏តិចតួចបំផុត សម្រាប់ការការពារពេញលេញនោះទេ។
WHO បានបញ្ជាក់បន្ថែមថា ការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ច និងសុខភាព នៅយ៉េម៉ែន ដោយសារតែជម្លោះ ក៏ដូចជាស្ថានភាពរស់នៅដ៏ណែនណាន់តាន់តាប់ ក្នុងជំរុំជនភៀសខ្លួន បានរួមចំណែកដល់ការកើនឡើងនៃករណីនេះ៕