ក្រោយព្យុះត្រូពិក Idalia ប្រជាពលរដ្ឋអាមេរិកវិលត្រឡប់មកកាន់ផ្ទះនៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida វិញ

សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរក្រចកសេះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយព្យុះសង្ឃរា Idalia បោកបក់ផុតបាត់ទៅ។

ក្នុងនាមជាព្យុះប្រភេទទី ៣ ព្យុះ Idalia បានបោកបក់លើតំបន់ឆ្នេររបស់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដោយបោកបក់ក្នុងកម្លាំងខ្យល់បក់ជាង ២០០គ.មក្នុង១ម៉ោង និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្លាំង ។

ទិដ្ឋភាពទូទៅរបស់តំបន់ឆ្នេរមួយនេះ ស្របពេលដែលឧទ្ធម្ភាគចក្រហោះក្រឡឹងពីលើ បង្ហាញរូបភាពរងគ្រោះបង្កឡើងដោយសារកម្លាំងធម្មជាតិ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ មានទាំងផ្ទះបាក់រលំមួយខ្នង រថយន្តលិចក្នុងទឹក ហើយនិងឃ្លាំងរងការបំផ្លិចបំផ្លាញ ។

លោកតា John Abrandt វ័យ ៧៧ឆ្នាំ បានសំឡឹងមើលផ្ទះរបស់លោក ហើយលោកនិយាយថា ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ នៅពេលដែលផ្ទះរបស់លោកពុំបានទៅណា ។

រីឯលោក Dan Ellison វ័យ ៦១ឆ្នាំ  ដែលបានបន្តវេនពីឪពុករបស់លោក ​ជាអ្នកនេសាទបង្គារ បានចង្អុរផ្ទះរបស់លោកដែលមិនបានបាក់រលំដោយសារកម្លាំងព្យុះ ហើយលោកនិយាយថា សហគមន៍តំបន់ឆ្នេរក្រចកសេះ នឹងរួបរួមគ្នា ។

ស្របគ្នានេះដែរ ស្រ្តីជាម្តាយ និងកូនស្រីម្នាក់បានឱបគ្នានៅមុខផ្ទះរងការខូចខាតរបស់ពួកគេ ដោយកូនស្រី បាននិយាយធានាដល់ម្តាយរបស់នាងថា ពួកគេនឹងសាងសង់ផ្ទះឡើងវិញ ។

អភិបាលរដ្ឋផ្ល័ររីដា លោក Ron DeSantis បាននិយាយរយៈពេលប៉ុន្មានម៉ោងក្រោយព្យុះបោកបក់ឆ្លងកាត់ថា គ្មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ដោយសារព្យុះ Idalia នោះទេ ៕