លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបានប្រោសប្រទានពី ព្រះមហាក្សត្រថៃ កាត់បន្ថយការជាប់ពន្ធនាគារដល់មកនូវត្រឹម ១ឆ្នាំ

ថៃ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបាន ព្រះមហាក្សត្រថៃ Maha Vajiralongkorn ប្រោសប្រទានបន្ថយរយៈពេលនៃការជាប់ពន្ធនាគាររបស់ មកត្រឹម ១ឆ្នាំ ក្នុងរង្វង់ប៉ុន្មានថ្ងៃ បន្ទាប់ពីអតីតមេដឹកនាំរូបនេះ វិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។


ព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង បានឲ្យដឹងថា៖ «លោក ថាក់ស៊ីន បានទទួលយកទោសឧក្រិដ្ឋកម្មរបស់លោក និងបង្ហាញនូវវិប្បដិសារី» ដោយប្រាប់ពីការពាក់ព័ន្ធនឹងការមានជំងឺរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះផងដែរ។

គូររំលឹកបន្តិច លោក ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារ សម្រាប់ការជាប់ទោសរយៈពេល ៨ ឆ្នាំ នៅពេលរូបលោកត្រឡប់មកប្រទេសវិញ នៅថ្ងៃទី២២ ខែសីហា ហើយលោកបានស្នើញត្តិសុំព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ កាលពីដើមសប្តាហ៍នេះ។

ក្នុងឆ្នាំ២០០៨ អតីតមេដឹកនាំរូបនេះ បានភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីគេចចេញពីការចោទប្រកាន់បទពុករលួយ បន្ទាប់ពីរូបលោកត្រូវបានទម្លាក់ចេញអំណាច ក្នុងរដ្ឋប្រហារយោធា ឆ្នាំ២០០៦។ ពេលត្រឡប់មកដល់ប្រទេសថៃវិញ តុលាការកំពូលបានបញ្ជូនលោកទៅកាន់ពន្ធនាគារ ក្រោយត្រូវបានផ្ដន្ទាទោស ៣ករណី ក្នុងចំណោមបទចោទពុករលួយ ៤ករណី អំឡុងការកាត់ទោសកំបាំងមុខ។

យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយនៃការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន លោក សេដ្ឋា ថាវីស៊ីន ដែលជាបេក្ខជននៃក្រុមចម្រុះ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕