អ្វីទៅជាមូលបត្របំណុល (BONDS)?
យោងតាមផ្សារមូលបត្រកម្ពុជាបានឲ្យនិយមន័យថា ជាសញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។
និយាយឲ្យស្រួលស្តាប់ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើយើងបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះយើងគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។
តើចាំបាច់អីត្រូវបោះបណ្ណបំណុលលក់?
ការបោះផ្សាយបណ្ណបំណុលលក់នេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt Refinancing) និងដើម្បីរក្សានូវប្រតិបត្ដិការអាជីវកម្មបាន ដោយមិនចាំបាច់កម្ចីប្រាក់ពីធនាគារ។ បណ្ណបំណុលនេះ វាមានកាលកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យយើងជាអ្នកបានទិញបណ្ណបំណុលនោះក្នុងអត្រាមួយថេរ។ នៅពេលដល់កាលកំណត់ យើងនឹងទទួលបានប្រាក់ដើមរបស់យើងមកវិញ ជាមួយនឹងអត្រាការប្រាក់បន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់យើង និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល ពោលគឺមានហានិភ័យទាបបំផុត។ លក្ខណៈពិសេសមួយទៀតអំពី បណ្ណបំណុល គឺយើងបានទិញក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ ប្រសិនបើក្រុមហ៊ុនក្ស័យធន។
បច្ចុប្បន្នមានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផ.ម.ក. ដោយសារតែមិនទាន់មាន សញ្ញាបណ្ណរដ្ឋ បើតាមការលើកឡើងពីផ្សារមូលបត្រកម្ពុជា ។ សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមួយនៃមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត។ យោងតាមប្រកាសស្តីពីការបោះផ្សាយលក់ មូលបត្របំណុលជាសាធារណៈចេញដោយនិយតករមូលបត្រកម្ពុជា សញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖
១. សញ្ញាបណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។
២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជាអសាធនភាព ឬក្ស័យធន។
៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។
បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនសាជីវកម្មមួយចំនួនបានផ្សាយបណ្ណបំណុលលក់ឲ្យសាធារណជនដូចជា៖
ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក ផ្ដល់អត្រាការប្រាក់ ៦.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
ធនាគារអេប៊ីអេ ផ្ដល់អត្រាការប្រាក់ ៧.៧៥% មានរយៈពេលឥណប្រតិទាន៣ឆ្នាំ
ខេប៊ី ប្រាសាក់ ប៊ែង ផ្ដល់អត្រាការប្រាក់ ៧.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
ធានាគារ ហត្ថា ផ្ដល់អត្រាការប្រាក់៨.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់អត្រាការប្រាក់៨% រយៈពេលឥណប្រតិទាន៣ឆ្នាំ
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក ផ្ដល់អត្រាការប្រាក់ ៥.៥% រយៈពេលឥណប្រតិទាន៥ឆ្នាំ៕