សមុទ្រវៀតណាម ព្យុះទីហ្វុង សាវឡា ចូលដល់ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង

វៀតណាម៖ ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរលកកម្ពស់ ១០ ម៉ែត្រផងដែរ បើតាមរាយការណ៍ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម ។

ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍។

ស្របគ្នានេះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ។

ទន្ទឹមនេះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។

បន្ទាប់ពីវៀតណាមបក់ផុត ព្យុះនេះនឹងបន្តបោះពួយទៅដែនទឹកភាគខាងត្បូងនៃខេត្ត Guangdong របស់ប្រទេសចិន ជាមួយនឹងខ្យល់បក់ត្រឹម ១៣៤ ទៅ ១៦៦ គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ប៉ុន្តែខ្យល់កន្ត្រាក់នឹងមានរហូតដល់ ២២០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។

យ៉ាងណាក៏ដោយឃើញថា ព្យុះទីហ្វុងនេះ នឹងមិនវាយប្រហារចិនដីគោកនោះទេ ប៉ុន្តែឆ្ពោះទៅឆ្នេរសមុទ្រ Guangdong រួចនឹងបន្តឆ្ពោះទៅឧបទ្វីប Leizhou និងកោះហៃណាន ៕