ផ្តាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអាម៉េរិក ធ្វើម៉េចកុំឲ្យខុសច្បាប់ប្រយ័ត្នគេចាប់

កណ្ដាល៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច​របស់​លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្ន​អាជ្ញាធរអាម៉េរិកចាប់។

នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ​នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជា​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក​សហរដ្ឋ​អាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាស​ប៉ុនប៉ង​ធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។

ទោះជាមានការប៉ុនប៉ងទុកជាមុនក្នុងការធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់​សហរដ្ឋ​អាម៉េរិក ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនតូចដែលមាន​និន្នាការ​ប្រឆាំងក្តី ក៏ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនខ្មែរ ​រស់នៅក្រៅប្រទេស ជាពិសេសអាម៉េរិក និងតំបន់អឺរ៉ុប​ដែលគោរពស្រលាញ់លោក ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សូមកុំធ្វើបាតុកម្មតបតនឹងពួកគេ​ឲ្យសោះ ​ខណៈពួកជំទាស់មួយក្តាប់តូចទាំងនោះចង់​ធ្វើអ្វីក៏ធ្វើទៅ ធ្វើយ៉ាងណា កុំឲ្យហួសព្រំដែន​កំណត់របស់ប្រទេសគេបានហើយ៕