កម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ត ចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករ ដាក់លក់ដូរឲ្យមានរបៀបប្រៀបរយនៅចំណុចផ្សារត្រីប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង០៧និង០០នាទី។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ និងនាយរងផ្នែកចំនួន០៤នាក់និងមន្រ្តី០៦នាក់បានចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករអ្នកលក់ដូរនៅចំណុចផ្សារត្រីប៉ោយប៉ែតអោយលក់ដូររៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ ជុំវិញផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលេលិយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សូមបញ្ជាក់ថា៖-នៅពេលព្រឹក ជាពេលវេលាដែលមនុស្សប្រើប្រាស់ដងផ្លូវចំណុចមុខផ្សារសមាគមដីថ្មី និងផ្សារត្រីប៉ោយប៉ែត ផ្សារកណ្ដាល ជាដើម ហើយមានការកកស្ទះលើដងផ្លូវមានកត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ហើយនៅក្នុងនោះក៏មានការកកស្ទះលើដងផ្លូវជារៀងរាល់ថ្ងៃ ដោយសារពលរដ្ឋយកចិញ្ចើមផ្លូវចតរថយន្តនិងម៉ូតូ ដាក់តាំងលក់ដូរ,ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្ម រកចំណូលផ្ទាល់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ៖កម្លាំងនគរបាលសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួន ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃផងហើយក៏បានហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយមិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេជៀសវាងការកកស្ទះនៅលើដងផ្លូវមុខផ្សារសមាគមដីថ្មី ផ្សារត្រីប៉ោយប៉ែត ផ្សារកណ្ដាល ដើម្បីជៀសវាង គ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងផងដែរ។