សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា គម្រោងព្រែកជីកនេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។