ប៉ូលិសស្រុកកៀនស្វាយ ឃាត់ខ្លួន អ្នកជួញដូរ និងអ្នកទិញគ្រឿងញៀនចំនួន ៥នាក់ ដកហូតគ្រឿងញៀនជិត ៣០កញ្ចប់
កម្លាំងនគរបាលស្រុកកៀនស្វាយ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានចុះធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានធ្វើការឃាត់ខ្លួនអ្នកជួញដូរ និងអ្នកទិញយកទៅប្រើប្រាស់ចំនួន ០៥នាក់ រឹបអូសបានគ្រឿងញៀនចំនួន ២៧កញ្ចប់ រួមនឹងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យចំនួន ៥នាក់ ខាងលើ ទី១-ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅឃុំគគីរ ស្រុកកៀនស្វាយ (ជួញដូរ), ទី២-ឈ្មោះ ហម កុសល់ ភេទប្រុស អាយុ ៣៨ឆ្នាំ (ខ្មែរ) មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ (ប្រើប្រាស់) (ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ), ទី៣- ឈ្មោះ ឌៀន វណ្ណៈ ភេទប្រុស អាយុ ២៩ឆ្នាំ (ខ្មែរ) មុខរបរ ជាងដែក មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ប្រើប្រាស់) (ធ្លាប់ជាប់ពន្ធនាគារចំនួន ៩ខែ ), ទី៤-ឈ្មោះ អ៊ឹម កាណាន់ ភេទប្រុស អាយុ ២៧ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ប្រើប្រាស់) និងទី៥-ឈ្មោះ រស់ ដេវីត ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ប្រើប្រាស់) ។
ប៉ូលិសស្រុកកៀនស្វាយបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាប សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចរោងទុកចោលមួយកន្លែង ជាប់មាត់បឹងស្តៅ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។ ក្រោយទទួលព័តមានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំចំណុចកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ សុខ ឧត្តម, ឈ្មោះ អ៊ឹម កាណាន់ និងឈ្មោះ រស់ ដេវីត ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន ២៧កញ្ចប់ (តូច២៦ មធ្យម០១) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។ នៅអំឡុងពេលដែលកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ក៏មានជនសង្ស័យ ០២នាក់ទៀត ឈ្មោះ ឌៀន វណ្ណះ និងឈ្មោះ ហម កុសល់ បំរុងចូលមកទិញថ្នាំញៀនពីឈ្មោះ សុខ ឧត្តម ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់បានបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី ៕