សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ឪពុកម្តាយខ្លះកាន់ជើងកូនពេកប្រើហ្វេសបុករិះគន់គ្រូបង្រៀនដោយសារតែប្រដៅកូនខ្លួន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាពេលបច្ចុប្បន្ននេះមានឳពុកម្ដាយមួយចំនួនតូច ដោយស្រឡាញ់កូនខ្លាំងពេកខ្វះការពិចារណា បែជាប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បន្ទោសគ្រូបង្រៀន គ្រាន់តែគ្រូបង្រៀនដាក់វិន័យដល់កូនសិស្ស ដែលជាកូនរបស់ខ្លួនបានប្រព្រឹត្តខុសវិន័យក្នុងសាលានោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កាលពីកន្លងទៅនេះសម្តេចបានមើលឃើញតាម បណ្តាញសង្គមហ្វេសបុកមួយដែលបានបង្ហោះរិះគន់លោកគ្រូបង្រៀន គ្រាន់តែលោកគ្រូនោះបានដាក់ ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន។
ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបន្ថែមទៀតថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបានដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះមិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន៕