សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំសាលារៀនទាំងអស់ មិនត្រូវបង្កើតកម្មវិធីអ្វីមួយ ហើយស្នើសុំថវិកាពីអណាព្យាបាលសិស្សនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាត ដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអាណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់ពីពេលនេះតទៅ មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិការបស់សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់មាន មកហើយដែរ ដូច្នេះមិនត្រូវឲ្យមានបន្តទៀតនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕