សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម
ភ្នំពេញ៖ នាឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ យុវជននិងកីឡា ថ្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យានារសៀលថ្ងៃទី២មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម។
សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាធិការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំដែលក្នុងដំណាក់កាលដំបូង ផ្តោតទៅលើសាលាបឋមសិក្សាប្រមាណ៥០និង ផ្តល់នូវការគាំទ្រ និងការចុះជួយជំនាញផ្នែកទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀននិងសហគមន៍ចូលរួមនិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់ពីរម៉ោងសិក្សាបន្ថែមក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សបានមករៀននិងទទួលបានការបំប៉ន់មេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ សកម្មភាពផ្សេងៗទៀតដូចជាការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌និងការលេងកីឡាជាដើម។
ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី ១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ ក្រសួង អប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖
ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន។
ទី២-ការ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវ ការក្នុង ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស។
ទី៣-ការយកចិត្តទុកដាក់លើសុខភាព របស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាម សាលា និង
ទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ ជាពិសេសអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ៤ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូង គណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់ លើសុខ ភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅ តាមសាលា, ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕