ចក្ខុវិស័យនាយករដ្ឋមន្រ្តីនឹងអនុវត្ត លើការជ្រើសរើសមន្រ្តីផ្តោតលើសមត្ថភាព តាមរយៈក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈ ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈក្នុងការជ្រើសរើសមន្រ្តី កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានកំណត់បេសកកម្មក្រសួងក្នុងការអនុវត្តតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី លើការជំរុញកំណែទម្រង់ប្រព័ន្ធការជ្រើសរើសមន្រ្តី ដោយប្រកាន់ខ្ជាប់ការប្រឡង ចេះគឺជាប់ ដោយសមត្ថភាព។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ បានលើកឡើងចំពោះមុខមន្រ្តីរាជការ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ ការកែលម្អគឺផ្តោតលើ ការប្រឡងចូលជាមន្រ្តី ដោយផ្អែកលើសមត្ថភាពពិត ផ្តល់ភាពយុត្តិធម៌ដល់បេក្ខជន ប្រៀបដូចជាការប្រឡងរបស់សិស្សសាលា ចេះគឺជាប់។
ចំពោះការបញ្ចូលក្នុងក្របខ័ណ្ឌពិសេស គឺត្រូវផ្អែកលើឆន្ទានុសិទ្ធិ របស់ប្រធានស្ថាប័ន ផ្អែកលើកំណែទម្រង់ រឺកិច្ចការនានា ។
សម្រាប់យុវជន ជានិស្សិតវិញ ពិតជាគាំទ្រចំពោះ គោលនយោបាយកែប្រែវិស័យមុខងារសាធារណៈ ដែលផ្តោតសំខាន់លើកំណែទម្រង់ការជ្រើសរើសមន្រ្តី។ ពួកគេយល់ឃើញថា ការជ្រើសរើសមន្រ្តីដែលផ្តោតលើចំណេះដឹង ចេះគឺជាប់ គ្មានការសូកប៉ាន់ រឺការអន្តរាគមន៍ ផ្តល់ជាក្ដីសង្ឃឹមសម្រាប់ពួកគេ និងអ្នកដទៃដែលចង់បំពេញការងាររដ្ឋទទួលបានភាពស្មើភាពគ្នា។ ពួកគេជឿជាក់ជាក់ថា ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជដ្ឋាភិបាល នឹងបំពេញការងារនេះដោយជោគជ័យ ដែលអាចនាំឱ្យកម្ពុជា មានមន្រ្តីពោពេញដោយសមត្ថភាពត្រូវជំនាញពិតប្រាកដ និងធ្វើឱ្យជាតិសាសន៍កម្ពុជា រីកលូតលាស់កាន់តែឆាប់រហ័ស។
ឯកឧត្តម ហ៊ុន ម៉ានី វិស័យមុខងារសាធារណៈនេះ ក្នុងនាមជារដ្ឋមន្រ្តីថ្មី សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏បានលើកឡើង ពីបេសកកម្មចម្បង រាប់បញ្ចូលទាំង ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយកក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងការចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
ឯកឧត្តមក៏បានថ្លែងអំណរគុណក្នុងនាមជារដ្ឋមន្រ្តីថ្មី ដល់មន្រ្តីទាំងអស់ ដែលបានអនុវត្តការងារនាពេលកន្លង និងជាការបន្តអនុវត្តការងារឱ្យបានកាន់តែប្រសើរសម្រាប់ រាជរដ្ឋាភិបាលនីតិកាលទី ៧ ៕