«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ» ប្រសាសន៍សម្តេចតេជោ

ភ្នំពេញ ៖ សម្តេចសូមប្រកាសគាំទ្ររាល់ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេចក៏មិនឯកភាពផងដែរដោយមិនឲ្យតម្លៃដល់មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុងអង្គប្រជុំនាដើមអាណត្តិទី៦ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័នសូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៌ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់សម្តេចកាលពីល្ងាចថ្ងៃ១០ខែសីហា២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំនោះ។

បើតាមរយៈវិដេអូឃ្លីបដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះដោយមានរយៈពេល៦នាទីនោះ បានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយដែលហៅការកែទម្រង់ត្រឹមដោះ ដូរមនុស្ស គណបក្សនយោបាយមួយនោះនឹងស្លាប់…..ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុតនេះដែលខ្ញុំសូមជំរាប»៕

សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ៖ https://t.me/btvnewscambodia/110804