ដើម្បីឱ្យការងារមានតម្លាភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍

ភ្នំពេញ៖ ការប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម បើតាមការលើកឡើងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំងតួនាទី ដែលបញ្ហានេះ ក៏ត្រួត ពិនិត្យ និងត្រូវធ្វើឱ្យគ្រប់លក្ខណៈ ជាពិសេសទៀតនោះ ការអន្តរាគមន៍ អាចមានផលប៉ះពាល់ដល់ប្រទេសជាតិដែលនេះជាចំណុចសំខាន់ ។

ឯកឧត្តម បានបន្តថា មួយវិញទៀត ត្រូវលុបបំបាត់ឱ្យបាន ក្នុងការនាំយកកងកម្លាំងទៅការពារដី ឯកជន ដែលមានជម្លោះ មិនមានផ្ដល់អត្ថប្រយោជន៍រួម ហើយបើមាន ត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់លើការងារបុគ្គលបានទេ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ គ្រប់ស្ថាប័ន អង្គភាព ចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួនផងដែរ ដើម្បីឱ្យការផ្ដល់សេវាកាន់ តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ប្រជាពលរដ្ឋអ្នកទទួលសេវា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរ ក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅក្នុងរាជរដ្ឋាភិ បាល នីតិកាលទី៧នេះ ។

សូមបញ្ជាក់ថា ក្បាលម៉ាស៊ីនអគ្គនាយកដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែង រួមមានអគ្គ នាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយក នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍, អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយក នៃអគ្គនាយកដ្ឋានធន ធានមនុស្ស, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕