សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជំងឺរាតត្បាតកូវីដ-១៩ អាចឱ្យកម្ពុជាអាចវាយតម្លៃពី សមត្ថភាពវិស័យសុខាភិបាលកម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បញ្ហាវិបត្តិជំងឺរាតត្បាតកូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃពីសមត្ថភាពរបស់វិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសសមត្ថភាពរបស់ក្រុមគ្រូពេទ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣» នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះ៖
ទី១-បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនូវទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។
ទី២-បង្ហាញឱ្យឃើញនូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញនៃការប្រើប្រាស់សម្ភារៈជាដើម។ សម្ដេចបន្តថា សរុបមកកូវីដ-១៩ អាចឱ្យកម្ពុជាមើលឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលបន្តអភិវឌ្ឍនៅលើគ្រប់វិស័យទាំងអស់ ក្នុងនោះអាទិភាពចំបងគឺការផ្ដល់សេវាសុខាភិបាលឱ្យមានគុណភាពទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសការពង្រឹងការផ្ដល់សេវាល្អនៅថ្នាក់ក្រោមជាតិ ដូចជានៅតាមមណ្ឌលសុខភាពជាដើម៕