សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ពលរដ្ឋជាកត្តាសំខាន់បំផុត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត ហើយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនទទួលបានសេវាថែទាំងសុខភាពនោះឡើយ។
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុ ជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនេះឲ្យកាន់តែខ្លាំង ក្លាបន្ថែមទៀត ដោយរាជរដ្ឋាភិបាលនឹងគ្មានការរង្កើចិត្តនោះឡើយ ក្នុងការចំណាយថវិកាដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ខណៈការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនេះ ក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធ សាស្រ្តបច្ចកោណក្នុងដំណាក់កាលទីមួយផងដែរ។
ដើម្បីឲ្យការព្យាលបាលប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពកាន់តែខ្លាំង ក្លាបន្ថែមទៀតនោះ សម្តេចធិបតីក៏បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ មិនថាមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋ គឺត្រូវតែមានសមត្ថភាព និងស្តង់ដារដូចគ្នាតែមួយ ដោយមិនត្រូវគិតថាពេទ្យរដ្ឋស្តង់ដារខ្ពស់ជាងមន្ទីរពេទ្យឯកជនឡើយ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា ធ្វើការដេញថ្លៃថ្នាំពេទ្យជាមួយក្រុមហ៊ុន ដែលផ្គត់ផ្គង់ថ្នាំប្រកបដោយគុណភាព និងតម្លៃសមរម្យ ផងដែរ ដើម្បីយកមកព្យាបាលបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ឲ្យកាន់តែល្អពីអាណត្តិមួយទៅអាណត្តិ មួយ ពោលគឺតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត៕