ការអំពាវនាវពីមន្រ្តីជំនាញ ដល់ពលរដ្ឋចូលរួមអនុវត្តវិធីសាស្រ្តចំនួន៤ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ន ថង់ប្លាស្ទិកប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗរស់នៅទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុងមួយឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នាថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមបានបន្តថា សព្វថ្ងៃ ការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងជាគំហុក គិតចាប់តាំងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង២៥ឆ្នាំមុន។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវីធីសាស្រ្តចំនួន៤រួមមាន៖ទី១.បដិសេដមិនប្រើប្រាស់ថង់ប្លាស្ទិក ឫមិនទទួលថង់ប្លាស្ទិក ទី២.កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទី៣.ប្រើប្រាស់ឡើងវិញ និងទី៤.ការកែច្នៃឡើងវិញ។ លើសពីនេះ ឯកឧត្ដមបានជំរុញដល់ភាគីពាក់ព័ន្ធ ធ្វើការអប់រំ និងផ្សព្វផ្សាយចំណេះដឹង អំពីការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស់ស្ទិកទេ» នៅតាមបណ្តាគ្រឹះស្ថានអប់រំសាធារណៈ និងវិស័យឯកជនជាដើម។

ជាមួយគ្នានេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឱ្យដឹងថា គិតចាប់ពីថ្ងៃបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានបានផ្សព្វផ្សាយយុទ្ធនាការនេះ នៅគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន២៤៩ ចាប់ពីថ្នាក់មតេយ្យ ដល់វិទ្យាល័យ,គ្រឹះស្ថានឯកជនចំនួន៥៣ ក្នុងចំណោម៥០៩សាលានៅទូទាំងរាជធានីភ្នំពេញ និងតាមរោងចក្រចំនួន២៩ ដែលសរុបអ្នកចូលរួមមានជាង២លាននាក់។

ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ‍» ចាប់តាំងពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងឱ្យសិស្សានុសិស្សនៅតាមសាលារៀនទាំងអស់ និងប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាតនៅកម្ពុជា៕