សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៦ខែនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ប្រកបដោយសមិទ្ធផល

ភ្នំពេញ៖ នាវិមានសន្តិភាព នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តភ្លាមៗ ក្រោយរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះមានដូចជា៖

ទី១-ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដែលគ្របដណ្តប់លើ​ប្រជាពលរដ្ឋ​ចំនួន៦,៨ លាននាក់ នៅក្នុងនោះមានសមាជិកប.ស.ស ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្ត​សរុបជាង ២លាន១សែននាក់។

ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារ​ងាយរងហានិភ័យ​ចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់។

ទី៣-មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់ និងពង្រីកការគ្របដណ្តប់នូវរបបសន្តិសុខសង្គមដល់ប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ ម៉ឺននាក់។

ទី៤-ការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ទី៥- ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី៦-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មនៅក្នុងគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យ​អនុវត្ត​ភ្លាមៗ​ចាប់ពីឆ្នាំ ២០២៣ មកនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំ​របស់រដ្ឋ។ សរុបមក គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្ដេចធិបតី គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ​ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ គោលនយោបាយនេះ ​គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕