ស្ពានអាកាសមរតកតេជោ! សល់តែ២៧ថ្ងៃទៀតនឹងបើកដំណើរការឱ្យប្រើប្រាស់បណ្តោះអាសន្ន
ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសាខាងមុខនេះ សម្រាប់ដំណាក់កាលខ្សែមេទី១ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ឆ្ពោះទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។
ផ្អែកតាមមន្ត្រីទទួលបន្ទុកការងារសាងសង់ស្ពាន បានប្រាប់ថា បច្ចុប្បន្ន ស្ពានអាកាសដំណាក់កាលទី១នេះ សម្រេចបាន៩០ភាគរយហើយ ។ បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការសាងសង់បញ្ចប់ ដោយការងារស្នូលនៅសេសសល់ គឺមានដូចជា បង្កាន់ដៃស្ពាន ប្រព័ន្ធទឹកភ្លើង បង្គោលភ្លើង និងអំពូលសម្រាប់បំភ្លឺ និងការងារសាងសង់នៅចំណុចគល់ស្ពាន ហើយបន្តឈានដល់ការអ៊ុតកៅស៊ូបញ្ចប់ ។
ពលរដ្ឋអ្នកដំណើរ ក៏បានសម្តែងអារម្មណ៍រីករាយចំពោះសម្មិទ្ធិផលថ្មីខាងលើនេះ ថ្វីត្បិតវាមិនទាន់សាងសង់រួចរាល់ក៏ពិតមែន ប៉ុន្តែពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់តែរមែងជួបជាប្រចាំ ។ ហើយពិសេសនោះ ស្ពានមរតកតេជោ នេះនឹងបើកឱ្យប្រើប្រាស់មុនពីធីចូលឆ្នាំខ្មែរ ដូច្នោះហើយពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ស្ពាននេះ ចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតបានងាយស្រួល ផងដែរ ។
គួរបញ្ជាក់ថា ស្ពានអាកាសខាងលើនេះនៅព្រុំប្រទល់គ្នារវាងខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា ជាង៣៦លានដុល្លារ ៕