សម្តេចធិបតី មានប្រសាសន៍ថា រយៈពេល៦ខែនេះ មានរោងចក្រសហគ្រាសបើកថ្មី ៣៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤ រោងចក្រ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមានមានចំនួន ៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤ រោងចក្រ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា សម្ដេចទទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិន​ទាន់ល្អ​ឥតខ្ចោះនោះទេ ប៉ុន្ដែក៏សូមឱ្យអ្នកដែលរិះគន់ត្រូវពិចារណាអំពីទំហំសមិទ្ធផល​ជាក់ស្ដែងចំពោះការរីកច្រើនរបស់កម្ពុជាផងដែរ ដូចជាករណីរោងចក្រមួយចំនួនបានបិទទ្វា ប៉ុន្ដែក៏មានរោចក្រជាច្រើនបានបើកថ្មីដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់ភ្ជាប់នូវទីផ្សារសេរី ដូច្នេះការប្រកួតប្រជែងនៅក្នុងទីផ្សារគឺត្រូវតែមានអាជីវកម្មខ្លះជោគជ័យ និងខ្លះទៀតបរាជ័យត្រូវបិទទ្វាបែបនេះឯង។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា កង្វល់របស់ប្រជាពលរដ្ឋ ក៏ជាកង្វល់របស់​រាជរដ្ឋាភិបាលដែរ។

សម្តេចបញ្ជាក់ថា បើចង់ដឹងពីការងារ កុំទៅមើលកន្លែងដែលអាជីវកម្មបិទទ្វា ប៉ុន្ដែត្រូវទៅមើល​កន្លែង​ដែលបើកឬប្រកាសជ្រើសរើសបុគ្គលិកវិញ ដូចជានៅទីភ្នាក់ងារ ការងារ និងមុខរបរ នៃក្រសួងការងារជាដើម (NEA)៕