កងទ័ពរំដោះប្រជាជនចិននឹងបន្តពន្លឿន ការត្រៀមប្រយុទ្ធប្តូរផ្តាច់ជាមួយកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់

ចិន៖ លោក អ៊ូ ឈាន (Wu Qian) ជាអ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន PLA និងជាគណ:ប្រតិភូកងកម្លាំងប្រដាប់អាវុធនគរបាល បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងទ័ពរំដោះប្រជាជនចិនឬ (PLA) នឹងបន្ដបង្កើនការហ្វឹកហ្វឺនកងទ័ព និងធ្វើឲ្យប្រសើរឡើងដល់ការត្រៀមប្រយុទ្ធយ៉ាងប្តូរផ្តាច់ជាមួយនឹងកងទ័ពផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ និងជំរុញការជុំជាតិ។

លោក អ៊ូ នៅឯសម័យប្រជុំទី២នៃសភាប្រជាជនចិន លើកទី១៤ បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលក់អាវុធថ្មីៗរបស់អាមេរិក និងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ទៅកាន់តំបន់តៃវ៉ាន់នៅដើមឆ្នាំនេះ ព្រមទាំងការប្រកាសដែលធ្វើឡើងដោយអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់(DPP) ក្នុងការទិញកញ្ចប់ថ្មីនៃមីស៊ីលគងលើស្មា (Stinger)ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងយោធារបស់ខ្លួន។

លោកអ៊ូ បានទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់កម្លាំងផ្ដាច់ខ្លួននៅក្នុងកោះតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះ បាននិយាយថា កោះតៃវ៉ាន់ គឺជាកោះតៃវ៉ាន់របស់ប្រទេសចិន។ដូច្នេះ បញ្ហាតៃវ៉ាន់គឺពិតជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនត្រូវការកម្លាំងជ្រៀតជ្រែកពីខាងក្រៅឡើយ៕