ប្រមុខដឹកនាំកំពូល លោក Biden នឹងចុះហត្ថលេខាលើច្បាប់ស្តីពី ការបង្ក្រាប TikTok ស្របលោក Trump ព្រួយបារម្ភខ្លាំងឡើង
អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ដែលផ្ដល់រយៈពេលឲ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនប្រមាណជា ៦ខែ ដើម្បីដកកម្មវិធីបង្កើតវីដេអូខ្លីៗដ៏ពេញនិយមរបស់បណ្ដាញសង្គម TikTok បើទោះបីជាគូប្រជែងរបស់លោក គឺលោក Donald Trump បានលើកឡើងពីការព្រួយបារម្ភអំពីការដាក់បម្រាមលើកម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់នេះ។
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកគ្រោង នឹងបោះឆ្នោតនៅថ្ងៃទី១២ ឬទី១៣ ខែមីនានេះ ជុំវិញសេចក្ដីស្នើច្បាប់ស្តីពីការបង្ក្រាបលើបណ្ដាញសង្គម TikTok បន្ទាប់ពីគណៈកម្មាធិការមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) បានអនុម័តជាឯកច្ឆ័ន្ទវិធានការនេះ។ សភានឹងបោះឆ្នោតលើសំណើនេះក្រោមច្បាប់ដែលតម្រូវឲ្យសមាជិក ២ភាគ៣បោះឆ្នោត «Yes» (យល់ព្រម) ដើម្បីទទួលបានការអនុម័ត។
លោក Biden ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើពួកគេផ្ដល់ការអនុម័ត ខ្ញុំនឹងចុះហត្ថលេខាឲ្យច្បាប់នេះ»។ សេចក្តីព្រាងច្បាប់នេះប្រឈមនឹងលទ្ធផលមិនច្បាស់លាស់ នៅក្នុងព្រឹទ្ធសភា ដែលសមាជិកសភាខ្លះនិយាយថា ពួកគេចង់កែប្រែច្បាប់នេះ។
ចំណែកលោក Trump ដែលកំពុងស្វែងរកជ័យជម្នះនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដើម្បីបានវិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ បានសម្តែងការជំទាស់ ចំពោះការហាមឃាត់លើបណ្ដាញសង្គម TikTok៕