កន្លែងផលិត កប៉ាល់របស់ជប៉ុន អាមេរិកយកជាកន្លែងជួសជុល នាវាចម្បាំង យ៉ាងទូលំទូលាយ

វ៉ាស៊ីនតោន៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណាអនុញ្ញាត ឱ្យនាវាចម្បាំង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើការជួសជុលយ៉ាងទូលំទូលាយនៅឯកន្លែង ផលិតកប៉ាល់ឯកជន ដែលអនុញ្ញាតឱ្យនាវាទាំងនោះអាចស្នាក់នៅ បានយូរនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដោយមិនចាំបាច់ត្រឡប់ទៅប្រទេសវិញ សម្រាប់ការថែទាំ យោងតាមការឲ្យដឹងប្រភពពីរដ្ឋាភិបាល ។

បញ្ហានេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅពេល ដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី លោក ចូ បៃដិន ក្នុងខែមេសា។

កិច្ចព្រមព្រៀងបែបនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើង នៃការអះអាងផ្នែកយោធារបស់ប្រទេសចិន នៅក្នុងតំបន់។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនឯកជនរបស់ជប៉ុន បាននឹងកំពុងចូលរួមក្នុងការងារ ជួសជុលនាវាយោធាអាមេរិក ដែលមិនចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធ ដូចជានាវាដឹកជញ្ជូនជាដើម នេះបើយោងតាមប្រភពឱ្យដឹងពីក្រសួងការពារជាតិជប៉ុន ។ ប៉ុន្តែការរៀបចំថ្មីនេះត្រូវបានគេរំពឹងថា នឹងពង្រីកជួរនៃកប៉ាល់ដែលក្រុមហ៊ុនជប៉ុន អាចគ្រប់គ្រងដោយរួមបញ្ចូលទាំងនាវាដូចជានាវាពិឃាត និងអាចឱ្យពួកគេអនុវត្តការងារជួសជុល និងថែទាំពេញលេញ។

នាវាដែលជាកម្មសិទ្ធិរបស់កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងត្រូវស្ថិតនៅក្រោមផែនការនេះ យោងតាមការឲ្យដឹងប្រភពពីរដ្ឋាភិបាល ។ កងនាវាដែលមានទីស្នាក់ការនៅ Yokosuka ភាគខាងត្បូងទីក្រុងតូក្យូ ប្រតិបត្តិការនៅក្នុងតំបន់ដូចជាសមុទ្រចិនខាងកើត និងខាងត្បូង ដែលទីក្រុងប៉េកាំងបានទាមទារទឹកដីយ៉ាងទូលំទូលាយ៕