ដែនទឹកជុំវិញក្បែរប្រជុំកោះជួរមុខ កោះតៃវ៉ាន់ជំរុញឲ្យប្រទេសចិនកុំផ្លាស់ប្តូរស្ថានភាព
បរទេស៖ ស្ថាប័នជាន់ខ្ពស់រៀបចំគោលនយោបាយពាក់ព័ន្ធនឹងចិនរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បានជំរុញឲ្យប្រទេសចិនកុំផ្លាស់ប្តូរ “«ស្ថានភាព» ជុំវិញដែនទឹកនៅជិតប្រជុំកោះជួរមុខរបស់កោះតៃវ៉ាន់ដោយការបញ្ជូនទូកឆ្មាំល្បាតឆ្នេរសចូលទៅក្នុងតំបន់ហាមឃាត់ ដោយនិយាយថា ភាពតានតឹងគួរតែ «អាចគ្រប់គ្រងបាន»។
កាលពីខែមុន បន្ទាប់ពីអ្នកនេសាទចិន ២នាក់បានស្លាប់ ពេលព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានចាប់ផ្តើមការល្បាតរបស់ឆ្មាំសមុទ្រយ៉ាងទៀងទាត់ នៅជុំវិញប្រជុំកោះ ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺប្រជុំកោះ Kinmen ដែលនៅក្បែរៗនឹងឆ្នេរសមុទ្ររបស់ចិន ។
លោក Jan Jyh-horng អនុប្រធាន និងជាអ្នកនាំពាក្យក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការចិនដីគោក នៅឯសន្និសីទសារព័ត៌មាន បានប្រាប់ថា៖ «ស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រ គួរតែអាចគ្រប់គ្រងបាន។ យើងមិនចង់ឃើញសកម្មភាពណាមួយដែលធ្វើឲ្យខូចស្ថានភាពបច្ចុប្បន្ននោះទេ»។
សូមបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ខណៈមានការជំទាស់យ៉ាងខ្លាំងរបស់កោះនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លួនបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ ជាមួយនឹងការលុកលុយស្ទើរតែរាល់ថ្ងៃចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស៕