ក្នុងវ័យ ១១ឆ្នាំ ក្មេងស្រីប៉ាឡេស្ទីន ដែលរស់រានពីវាយប្រហាររបស់អ៊ីស្រាអែល រំឭកដល់ពេលដែលគ្រូពេទ្យទាញនាងចេញពីគំនរបាក់បែក

ប៉ាឡេស្ទីន៖ ទីក្រុង Jabalia តំបន់ហ្កាហ្សា ក្មេងស្រីប៉ាឡេស្ទីនវ័យ ១១ឆ្នាំ ដែលរស់រានពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើ បានរំឭកដល់ពេលដែលគ្រូពេទ្យបឋម ទាញរូបនាងចេញពីគំនរបាក់បែកអគារ ដោយប្រើប្រាស់ញញួរ ។

ក្មេងស្រី Jamila Khelah បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជញ្ជាំងបានធ្លាក់ពីលើរូបខ្ញុំ ខ្ញុំបានរងរបួស ខ្ញុំបានស្រែកហៅឲ្យគេជួយ ហើយបុរសម្នាក់បានយកញញួរមកបំបែកជញ្ជាំង និងទាញពួកយើងចេញ។ គាត់បាននាំខ្ញុំទៅកាន់មន្ទីរពេទ្យ ។

កាលពីថ្ងៃពុធកន្លងទៅ ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន បានបញ្ចេញវីដេអូឃើញក្មេងស្រីម្នាក់ ត្រូវបានគេជួយសង្រ្គោះចេញពីគំនរបាក់បែកអគារ ។ ក្រោយមកក្មេងស្រីម្នាក់នេះ ត្រូវបានគេផ្តល់អត្តសញ្ញាណថាមានឈ្មោះ Jamila ។

ក្មេងស្រី និងឪពុកម្តាយរបស់នាង និយាយថា ការវាយប្រហារតាមច្រកអាកាសដែលបានធ្វើក្មេងស្រី Jamila និងសមាជិកគ្រួសារផ្សេងទៀតរបស់នាង រងរបួសដែរនោះ បានសម្លាប់បងប្អូនបង្កើត ៣នាក់របស់នាង ។

អ្នកស្រី Asmaa ដែលជាម្តាយរបស់នាង និយាយថា ពេលខ្ញុំនៅក្នុងមន្ទីរពេទ្យ ខ្ញុំបានរង់ចាំ បេះដូងរបស់ខ្ញុំបានរងការឈឺចាប់ខ្លាំងណាស់ ពេលដឹងថា កូនៗរបស់ខ្ញុំបានទៅបាត់អស់ហើយ ។ ខ្ញុំបានឃើញកូនស្រី Jamila ដើរមករកខ្ញុំ ខ្ញុំក៏សួរទៅនាងថាតើបងប្អូនឯទៀតទៅណាអស់ហើយ? ខ្ញុំនិយាយថា សូមឲ្យខ្ញុំដឹងពីកូនៗរបស់ខ្ញុំផង ។ តើកូនដទៃទៀតរបស់ខ្ញុំទៅណាស់អស់ហើយ? គ្មាននរណាម្នាក់និយាយប្រាប់ខ្ញុំឡើយ ។ អ្នករាល់ស្ងៀមស្ងាត់ទាំងអស់ ។

ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា បានបញ្ជាក់នៅថ្ងៃសុក្រនេះថា បច្ចុប្បន្នចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣០.៨៧៨នាក់ ៕