វិមានក្រឹមឡាំង៖ ដីការចាប់ខ្លួនឧត្តមសេនីយ៍ ២រូបរបស់រុស្ស៊ី គឺត្រូវចាត់ទុកជាមោឃៈ
បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ដីកាចាប់ខ្លួនមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី ដែលចេញដោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺត្រូវចាត់ទុកជាមោឃៈ ខណៈដែលទីក្រុងម៉ូស្គូ មិនទទួលស្គាល់តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ នេះឡើយ។
កាលពីថ្ងៃអង្គារ តុលាការ ICC បានចោទប្រកាន់ឧត្តមសេនីយ៍ Sergey Kobylash របស់កងនាវាអាកាសចរណ៍ចម្ងាយឆ្ងាយ និងឧត្តមនាវី Viktor Sokolov របស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីពីបទ ប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” ។
តុលាការបានអះអាងថា មន្ត្រីទាំងនោះមានទំនួលខុសត្រូវចំពោះ “ការដឹកនាំការវាយប្រហារ ទៅលើគោលដៅជាជនស៊ីវិល” ដែលបង្ក “គ្រោះថ្នាក់ហួសហេតុដល់ជនស៊ីវិល” នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីថ្លែងការណ៍ ឧត្តមសេនីយ៍ Kobylash និង ឧត្តមសេនីយ៍ Sokolov ជាប់ពាក់ព័ន្ធនៅក្នុងការ “ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីអ៊ុយក្រែន យ៉ាងហោចណាស់ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣” ៕