ក្រោយលេចធ្លាយកិច្ចពិភាក្សាអំពីមីស៊ីល Taurus ក្រុមសម្ព័ន្ធមិត្តជំរុញឲ្យអាល្លឺម៉ង់ពង្រឹងសន្តិសុខ

បរទេស៖ ក្រោយពីរុស្ស៊ី បានទម្លាយកិច្ចពិភាក្សាសម្ងាត់រវាងមន្ត្រីកងទ័ពអាកាសអាល្លឺម៉ង់អំពីលទ្ធភាពបញ្ជូនមីស៊ីល Taurus ទៅអ៊ុយក្រែន សម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ បានអំពាវនាវឲ្យខ្លួនរឹតបន្តឹងនីតិវិធីសន្តិសុខទាក់ទងនឹងព័ត៌មានសម្ងាត់ ។

មន្ត្រីនៅក្នុងប្រទេសមួយចំនួនរបស់អង្គការណាតូ បានសម្តែងការព្រួយបារម្ភអំពីអាកប្បកិរិយាធ្វេសប្រហែសរបស់អាល្លឺម៉ង់ចំពោះសន្តិសុខប្រតិបត្តិការ ដែលនាំឲ្យមានការលេចធ្លាយនូវការសន្ទនារវាងមន្ត្រីអាល្លឺម៉ង់ ជាពិសេសដោយសារតែពួកគេប្រើប្រាស់កម្មវិធីរបស់ WebEx ដែលមិនបានដាក់លេខសម្ងាត់ បើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg ។

ប្រភពមួយ បានហៅការធ្វេសប្រហែសនេះថា «គ្មានវិជ្ជាជីវៈ» ហើយបាននិយាយថា អាកប្បកិរិយាបែបនេះ អាចត្រូវបានរំពឹងទុកពីមនុស្ស ដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសន្តិសុខ ប៉ុន្តែមិនមែនមកពីមន្ត្រីយោធានោះទេ។

ប្រភពមួយទៀត បាននិយាយថា ពួកគេមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បង់ផ្នែករបស់អាល្លឺម៉ង់នោះទេ ហើយអ្នកទីបីម្នាក់ បានអះអាងថា ការលេចធ្លាយនេះ ទំនងជានឹងនាំឲ្យមានការបង្កើនវិធានការសន្តិសុខនៅជុំវិញពិភពលោក ប៉ុន្តែជាពិសេស នៅក្នុងប្រទេសអាល្លឺម៉ង់។

មន្ត្រីអាល្លឺម៉ង់ ដែលបាននិយាយទៅកាន់សារព័ត៌មាន Bloomberg ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ឧបទ្ទវហេតុនេះ បានបង្ហាញថា ការផ្លាស់ប្តូរគោលនយោបាយសន្តិសុខនិងការពារ ដែលបានបណ្តាលមកពីសង្គ្រាមពេញទំហឹងនៅអ៊ុយក្រែន នៅតែបន្ត៕