ខណៈមានការគំរាមកំហែងពីចិន កោះតៃវ៉ាន់ បង្កើនសមយុទ្ធមីស៊ីល
កោះតៃវ៉ាន់៖ លោក ឈីវ គួរជឹង (Chiu Kuo-cheng) រដ្ឋមន្ត្រីអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារ ទី០៥ ខែមីនា នេះថាកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ នឹងបង្កើនចំនួនសមយុទ្ធមីស៊ីលដែលពួកគេធ្វើនៅឆ្នាំនេះ ស្របពេលមានសម្ពាធយោធាកើនឡើងរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យកោះនេះទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសចិន ទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ នេះថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់តៃវ៉ាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះនេះ រួមទាំងការលុកលុយស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។
នៅក្រៅសភា លោក ឈីវ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ដោយនិយាយថាអាជ្ញាធរការពារជាតិនឹងបង្កើនភាពញឹកញាប់នៃសមយុទ្ធមីស៊ីល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅក្នុង «ការគំរាមកំហែងរបស់សត្រូវ»។ លោក ឈីវ បន្ថែមថា កាលពីមុន សមយុទ្ធមីស៊ីលត្រូវបានធ្វើឡើងតែនៅពេលកំណត់នៃឆ្នាំប៉ុណ្ណោះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អាកាសចរណ៍ និងការរស់នៅរបស់ប្រជាជន ប៉ុន្តែឆ្នាំនេះនឹងមានការផ្លាស់ប្ដូរ។
ជំហាននេះកើតឡើងនៅពេលដែលប្រទេសចិន ប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២ ភាគរយនៅឆ្នាំនេះ ជាមួយនឹងគម្រោងថវិកាបង្ហាញថាចំនួន ១,៦៧ សែនកោដិ៍យ័ន ដែលប្រហែលនឹង ២៣០,៦០ ពាន់លានដុល្លារ នឹងត្រូវបានបែងចែកទៅជាការចំណាយយោធា៕