បេប្រឆាំងរថក្រោះរបស់ស៊ុយអែត ប៉ូឡូញទិញស្របពេលធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាណាតូ
ប៉ូឡូញ៖ លោក វ្លាឌីស្ល កូស៊ីនាគ កាំមីស(Wladyslaw Kosiniak-Kamysz) រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានលើកឡើងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញបេប្រឆាំងរថក្រោះ ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៦៣ពាន់លានដុល្លារ។
ប្រទេសប៉ូឡូញ ឆ្នាំនេះនឹងចំណាយប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈខ្លួនកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងប្រភេទបេ កាល់ ហ្គាស្តាហ្វ M 4 (Carl-Gustaf M4) ក្នុងគោលបំណងប្រឆាំងយានយន្តប្រយុទ្ធទំនើបគ្រប់ប្រភេទ។
សម្ព័ន្ធយោធាណាតូ កាលពីខែមករា បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយបានហាត់សមពីរបៀបដែលកងទ័ពសហរដ្ឋអាមេរិក អាចធ្វើឲ្យរឹងមាំសម្ព័ន្ធមិត្តនៅអឺរ៉ុប នៅក្នុងប្រទេសដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងនៅស្លាបខាងកើតរបស់សម្ព័ន្ធមិត្ត ប្រសិនបើជម្លោះផ្ទុះឡើងជាមួយសត្រូវ។
កងទ័ពប្រមាណ ៩០.០០០នាក់ នឹងត្រូវចូលរួមសមយុទ្ធ «អ្នកការពារមិនកែប្រែ ឆ្នាំ ២០២៤» ដែលនឹងដំណើរការរហូតដល់ខែឧសភា។ ក្នុងអំឡុងពេលសមយុទ្ធយោធាមួយកាលពីថ្ងៃចន្ទ កងទ័ព បានឆ្លងកាត់ទន្លេ Vistula របស់ប្រទេសប៉ូឡូញ ដោយមានរថក្រោះ និងយុទ្ធោបករណ៍ មកពីប្រទេសផ្សេងៗគ្នាជាផ្នែកនៃសមយុទ្ធ។
សមយុទ្ធនេះ បានហាត់សមឡើងវិញនូវការអនុវត្តផែនការប្រចាំតំបន់របស់សម្ព័ន្ធយោធាណាតូ ជាផែនការការពារជាតិដំបូង ដែលសម្ព័ន្ធមិត្តបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលម្អិតអំពីរបៀបដែលខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី៕