លទ្ធផលផ្លូវការ ! គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាស នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាមសេចក្តីស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងសមជិកព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃខេត្តនីមួយៗដែលដំណើរការរៀបចំបោះឆ្នោតនោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយពីការប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពរបស់ខ្លួន ដោយរៀបចំការអញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមកាលបរិច្ឆេទ។

អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្មីៗនេះមានភាពល្អប្រសើរ ហើយគណបក្សនយោបាយមានភាពចាស់ទុំដែលបានទទួលយកចំពោះការរៀបចំការបោះឆ្នោតនេះ ហើយសង្ឃឹមថាភាពចាស់ទុំរបស់គណបក្សនយោបាយដូចដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ក៏ដូចជាមន្រ្តីរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ នឹងចូលរួមធ្វើឱ្យការបោះឆ្នោតដទៃទៀតនៅកម្ពុជាកាន់តែប្រសើរជាងនេះ។

សូមជម្រាបថា ចំនួនអាសនៈក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសរុបចំនួន៦២អាសនៈ ដែលក្នុងចំណោមអាសនៈទាំងនោះគឺសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភាចំនួន២ពីររូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងដោយតាមមតិភាគច្រើន និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕