ប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី ប្រធានគណកម្មការអឺរ៉ុបស្នើសុំឲ្យប្រើប្រាស់ សម្រាប់យោធាអ៊ុយក្រែន

បរទេស៖ លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុប គួរតែពិចារណាលើប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី ដើម្បីទិញអាវុធផ្គត់ផ្គង់យោធាអ៊ុយក្រែន ។

លោកស្រី Von der Leyen ក្នុងសុន្ទរកថាជំរុញសហភាពអឺរ៉ុបធ្វើរឿងបន្ថែមទៀតលើគោលនយោបាយការពារជាតិ បាននិយាយប្រាប់សភាអឺរ៉ុបថា វាដល់ពេលត្រូវចាប់ផ្តើមសន្ទនាគ្នា ពីការប្រើប្រាស់ប្រាក់ចំណេញមិនរំពឹងទុកនៃទ្រព្យបង្កករុស្ស៊ី ដើម្បីទិញរួមគ្នានូវគ្រឿងយុទ្ធោបករណ៍ សម្រាប់យោធាអ៊ុយក្រែន ។

នៅក្នុងសុន្ទរកថានេះ លោកស្រី Von der Leyen បានពិនិត្យមើលយុទ្ធសាស្រ្តការពារឧស្សាហកម្មថ្មីរបស់អឺរ៉ុប ដែលគណកម្មកាលោកស្រី នឹងបង្ហាញនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយលោកស្រីនិយាយថា គោលដៅមួយក្នុងចំណោមគោលដៅសំខាន់នៃយុទ្ធសាស្រ្តថ្មីនេះ នឹងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍រួមគ្នា ។
លោកស្រីបញ្ជាក់ថា កិច្ចខិតខំអស្ចារ្យជាងមុនរបស់អឺរ៉ុប ក្នុងវិស័យការពារជាតិ នឹងមិនកាត់បន្ថយតម្រូវការរបស់សម្ព័ន្ធមិត្តយោធាណាតូនោះឡើយ ។

លោកស្រីថា ការគំរាមកំហែងនៃសង្រ្គាម នៅមិនទាន់មាននោះទេ ប៉ុន្តែវាមិនមែនថាមិនកើតឡើងនោះដែរ ហើយហានិភ័យនៃសង្រ្គាម មិនគួរបំប៉ោងនោះឡើយ ប៉ុន្តែពួកយើងគួរតែត្រៀមខ្លួនទុកជាមុន ។

ខណៈពេលនោះដែរ ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ មួយចំនួន រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកមិនច្រានចោលក្នុងការបញ្ជូនកងទ័ពនោះទេ។ លោក Macron បាននិយាយថា ពុំមានការស្របមតិគ្នាជាឯកច្ឆ័នលើការបញ្ជូនកងទ័ពលោកខាងលិចទៅអ៊ុយក្រែនទេ។

សូមបញ្ជាក់ថា កងទ័ពរុស្ស៊ី ទើបតែដណ្ដើមបានទីក្រុងមួយថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែន ហើយទីក្រុងគីវ បានពន្លឿនការអំពាវនាវសុំអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ៕