សម្ដេចធិបតី អំពាវនាវអ្នកធុរកិច្ចម៉ាឡេស៊ីមកទស្សនកិច្ចផ្ទាល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្ដាអ្នកធុរកិច្ច និងវិនិយោគិនម៉ាឡេស៊ីអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ និងអាចចាប់ឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាស និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនបរទេស ជាពិសេសលើការអនុគ្រោះពន្ធ និងសម្របសសម្រួលដល់ការរៀបចំឯកសារ លើការវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកធុរកិច្ចម៉ាឡេស៊ីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់។ បន្ថែមពីនេះ ក៏មាន ពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ២ រួមមាន ទី១ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ ម៉ាឡេស៊ី និងទី២ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ច រវាង ប្រទេសទាំងពីរ។ ក្រៅពីនេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បី កសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្នុងឱកាសវេទិកានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រធានសភាពាណិជ្ជកម្ម និងបណ្ដាអ្នកធុរកិច្ចម៉ាឡេស៊ី ដែលបានចំណាយពេលចូលរួមក្នុងវេទិកាធុរកិច្ចក្នុងថ្ងៃនេះ និងបានសរសើរថា សម្ដេចជានាយករដ្ឋមន្រ្ដីវ័យក្មេងជាងគេ មានសមត្ថភាព ជាមេដឹនាំមួយរូបនៅក្នុងតំបន់អាស៊ាន។
សម្ដេចធិបតីសង្ឃឹមថា ធុរជនម៉ាឡេស៊ី នឹងបង្កើនការបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ នេះដោយមិនរង់ចាំដល់ឆ្នាំ២០៣៤ នោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសម៉ាឡេស៊ីនៅពេលនេះ នឹងបើកផ្លូវកាន់តែប្រសើរថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីក៏នឹងបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។
សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរមានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។
តាមរយៈដំណើរទស្សនកិច្ចនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។ ខណៈក្នុងជំនួបរវាងសម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ៕