កូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ
រុស្សី៖ ក្រឹត្យថ្មីមួយដែលលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខា គឺតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។
កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
មានឃ្លាមួយត្រូវបានគេមើលឃើញ ក្នុងពាក្យសច្ចាប្រណិធាននោះថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។
រឿងនេះនាំឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងដើម្បីនាំកងទ័ព Wagner មកកាន់តែជិតវិមានក្រឹមឡាំង បន្ទាប់ពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ត្រូវបានគេសន្មត់ថា បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ៕