រដ្ឋសោត ខារ៉ូឡាយណា លោកស្រី នីគីហាលី បាត់បង់ជ័យជម្នះ ដោយធ្លាក់ចូលដៃលោក Trump

អាមេរិក៖ នៅក្នុងរដ្ឋ សោត ខារ៉ូឡាយណា (South Carolina) លោក Donald Trump បានយកឈ្នះលើលោកស្រី នីគីហាលី (Nikki Haley) ជារដ្ឋកំណើតរបស់លោកស្រី ដែលជាការដើរថយក្រោយដ៏ក្រៀមក្រំ សម្រាប់លោកស្រី ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។

សារព័ត៌មាន AP បានហៅការបោះឆ្នោតបឋមនៅរដ្ឋ South Carolina សម្រាប់លោក Trump នៅពេលការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៧ យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ថាជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជម្នះដ៏ធំរបស់លោកនៅក្នុងរដ្ឋកំណើតរបស់លោកស្រីហាលី។ លោកTrump ទទួលបានការគាំទ្រក្នុងការបោះឆ្នោតប្រហែល ៦០% ដោយលោកស្រីហាលី ទទួលបានសំឡេងគាំទ្រប្រហែល៤០%ប៉ុណ្ណោះ ។

លោក Trump បានប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងពិធីអបអរជ័យជម្នះរបស់លោកក្នុងទីក្រុងកូឡុំប៊ី (Columbia) ថា ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំមិនដែលឃើញគណបក្សសាធារណរដ្ឋរួបរួមគ្នាដូចពេលនេះទេ ។ នេះជារាត្រីដ៏អស្ចារ្យ។
នេះជាការប្រកួតប្រជែងដើម្បីទទួលបានការតែងតាំងបេក្ខជនប្រធានាធិបតីលើកទី៥របស់គណបក្សសាធរណរដ្ឋក្នុងយុទ្ធនាការមួយ ដែលលោក Trump បានទទួលជ័យជម្នះ ទោះបីជាលោកកំពុងប្រឈមករណីចោទប្រកាន់បទព្រហ្មទណ្ឌរាប់សិបរឿងក៏ដោយ។

ជ័យជម្នះដ៏ធំនេះ នឹងបង្កើនការអំពាវនាវកាន់កាន់ខ្លាំងពីក្រុមសម្ព័ន្ធមិត្តរបស់លោក Trump ថា គូប្រជែងចុងក្រោយរបស់លោក គឺលោកស្រីហាលី គួរតែបោះបង់ចោលការប្រកួតប្រជែងនេះ៕