ដំណើរទស្សនកិច្ចមកកម្ពុជា របស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា គណបក្សភឿថៃ បានលើកឡើងពីរបៀបវារៈខែមីនា
ថៃ៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ បានទទួលយកការអញ្ជើញ របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយនឹងអញ្ជើញ ទៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅខែក្រោយ។
លោក អគ្គលេខាធិការគណបក្សភឿថៃ Sorawong Thienthong បាននិយាយកាលពីថ្ងៃសៅរ៍ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រី ផែតងតាន ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នេះយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក Sorawong បាននិយាយថា លោកស្រី ផែតងតាន ត្រូវបានអញ្ជើញក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាចរបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំរបស់ CPP ទាក់ទងនឹងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨-១៩ ខែមីនា លោកស្រី ផែតងតាន ត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាដែលពាក់ព័ន្ធនឹងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដោយមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសនោះទេ។
លោក Sorawong Thienthong បន្តថា «ទោះជាយ៉ាងណា ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងនឹងឃើញកិច្ចប្រជុំរួមនៃគណៈរដ្ឋមន្ត្រីទាំងពីរនៅឆ្នាំនេះ។ ជំនួបនោះនឹងពិភាក្សាពីកិច្ចការរដ្ឋាភិបាល»។
នៅពេលសួរថាតើគណបក្សភឿថៃមានគម្រោងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិបន្ថែមទៀតឬយ៉ាងណានោះ លោកបាននិយាយថា គ្មានអ្វីត្រូវបានពិភាក្សាលើបញ្ហានេះទេ៕