អគ្គិភ័យឆេះអគារលំនៅឋានប្រទេសចិន មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់
ចិន៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង៤៤នាក់បានរងរបួសនៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Nanjing ភាគខាងកើត ប្រទេសចិន នេះបើតាមអាជ្ញាធរ ក្នុងតំបន់បានលើកឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងមកនេះ ។
នៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីបានលើកឡើងថា អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃសុក្រ ដោយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅអគារជាន់ទីមួយ ជាកន្លែងដាក់កង់អគ្គិសនី។ អគារនេះ មានទីតាំងស្ថិតនៅសង្កាត់ Yuhuatai ទីក្រុង Nanjing ជាទីក្រុងមានប្រជាជនរស់នៅជាង៨លាននាក់ ដែលស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ភាគពាយព្យទីក្រុងសៀងហៃ។
អាជ្ញាធរបានលើកឡើងថា អគ្គិភ័យត្រូវបានពន្លត់ ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានបញ្ចប់នៅម៉ោង២ រសៀលថ្ងៃសុក្រ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ បាននិយាយថា រថយន្តពន្លត់អគ្គីភ័យចំនួន ២៥ គ្រឿង ត្រូវបានដាក់ឲ្យចល័ត ដើម្បីពន្លត់អគ្គិភ័យ។
វីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គមប្រទេសចិន បានបង្ហាញអគារខ្ពស់កប់ពពកមួយកន្លែង ត្រូវបានភ្លើងឆេះនៅពាក់កណ្តាលអធ្រាត្រ ដោយមានផ្សែងខ្មៅហុយចេញ។ ក្រុមមន្ត្រីបានលើកឡើងថា អ្នករងរបួសចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយម្នាក់ក្នុងចំណោមអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕