ការអំពាវនាវ ឥណ្ឌាឲ្យមានការដោះលែងពលរដ្ឋ ដែលធ្វើការឲ្យកងទ័ពរុស្ស៊ីមុនកំណត់

ឥណ្ឌា៖ កាលពីថ្ងៃម្សិលមិញនេះ ទីក្រុងញូវដេលីបានឲ្យដឹងថា ប្រទេសឥណ្ឌាបានស្នើសុំឲ្យរុស្ស៊ីដោះលែងជនជាតិឥណ្ឌាមួយចំនួនដែលធ្វើការជាមួយកងទ័ពរុស្ស៊ី ក្នុងកិច្ចសន្យា «ការងារគាំទ្រ» ហើយជំរុញពលរដ្ឋរបស់ខ្លួនកុំចូលទៅពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនដែលមានរយៈពេល ២ឆ្នាំនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Hindu បានរាយការណ៍ថា ជនជាតិឥណ្ឌាប្រហែល ១០០នាក់ ត្រូវបានជួលឲ្យធ្វើការ កាលពីឆ្នាំមុន ក្រោមកិច្ចសន្យាដែលមានរយៈពេលយ៉ាងហោចណាស់ ១ឆ្នាំ។ ពលរដ្ឋរបស់ប្រទេសជាច្រើនបានស្វែងរកការធ្វើការងារជាមួយកងទ័ពរុស្ស៊ី ដោយក្នុងនោះរួមទាំងពីនេប៉ាល់ដែលជាប្រទេសជិតខាងឥណ្ឌាផងដែរ។

ដោយមិនមានផ្ដល់តួលេខជាក់លាក់ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «យើងដឹងហើយថា ជនជាតិឥណ្ឌាមួយចំនួនបានចុះឈ្មោះ ដើម្បីធ្វើការងារគាំទ្រ ជាមួយកងទ័ពរុស្ស៊ី។ ស្ថានទូតឥណ្ឌាបានលើកឡើងពីបញ្ហានេះជាប្រចាំ ជាមួយអាជ្ញាធរពាក់ព័ន្ធរុស្ស៊ី ដើម្បីឲ្យមានការអនុញ្ញាតឈប់មុនកាលកំណត់។ យើងជំរុញឲ្យជនជាតិឥណ្ឌាទាំងអស់អនុវត្តការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ ហើយកុំពាក់ព័ន្ធនឹងជម្លោះនេះ»។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងញូវដេលីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ យ៉ាងណាក្ដី រុស្ស៊ី និងឥណ្ឌាមានទំនាក់ទំនងការពារជាតិ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ៕