ការយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ដោយរដ្ឋសភាបោះឆ្នោត មានឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី
ភ្នំពេញ៖ សមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣ ជាឧបនាយករដ្ឋមន្រ្តី ១រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ២រូប។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។
នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការ មានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១២០រូប។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសមាជិក-សមាជិការដ្ឋសភាមានសំឡេងគាំទ្រចំនួន ១២០សំឡេង។
ការបោះឆ្នោតគាំទ្ររបស់រដ្ឋសភាធ្វើឡើង បន្ទាប់ពីមានរសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣រូបនោះ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។