សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពលរដ្ឋប្រទេសណា ធ្វើឱ្យខូចមុខមាត់កម្ពុជា ត្រូវជាប់គុក និងដាក់ក្នុងបញ្ជីខ្មៅមួយជីវិតទៀត

ភ្នំពេញ៖ នាពិធីអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសព្រមានជាសាធារណៈថា ពលរដ្ឋនៅប្រទេសណាក៏ដោយ ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មខុសច្បាប់ផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ពន្ធនាគារ បណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅមួយជីវិតថែមទៀត។

ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីករណីចាប់ខ្លួនជនជាតិតៃវ៉ាន់ ដែលបានថត ប្រឌិតវីដេអូថា ខ្លួនត្រូវគេចាប់ជំរិតនៅកម្ពុជា ដើម្បីទទួលបាន View គឺអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម និងទទួលបានផលប្រយោជន៍ពីចំនួន View នោះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកពីករណីជនបរទេសមួយក្រុម ដែលបានថតវីដេអូ ប្រឌិតអំពីករណីបូមឈាមលក់នៅកម្ពុជា ដើម្បីក្រុមនោះទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ករណីនារី នៅប្រទេសក្បែរខាងកម្ពុជាចំនួន ២ នាក់ដែលបានប្រឌិតថា ពួកគេត្រូវគេនាំយកមកលក់ ដើម្បីដូរក្រលៀននៅកម្ពុជា។ ជនទាំងនេះ មានមួយចំនួនត្រូវជាប់ទោសនៅកម្ពុជា និងខ្លះទៀត ត្រូវប្រទេសសាមីចាប់យកទៅដាក់គុកផងដែរ៕