សម្តេចធិបតី ហ៊ុន សែន បដិសេធមិនលើកលែងចំពោះជនជាតិតៃវ៉ាន់ពីរនាក់ បានផលិតវីដេអូបំផ្លាញកិត្តិយស កម្ពុជាជាដាច់ខាត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសចាត់វិធានការដោយមិនត្រូវលើកលែង ជាដាច់ខាតចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូក្លែងក្លាយដោយនិយាយរឿងមិនមែនជាការពិត នៅខេត្តព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ បើទោះ មានគេទូរស័ព្ទសុំអន្តរាគមន៍ ដល់សម្តេចក៏ដោយនោះ។
ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មានអ្នកទូរស័ព្ទទៅសម្តេចដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងដល់ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូនិយាយរឿងអាក្រក់នៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសម្តេចចាត់ទុកថា បុគ្គលទាំងពីររូបនេះ មានភាពអាត្មានិយម គិតតែផលប្រយោជន៍ខ្លួន ដោយបានបំផ្លាញកិត្តិយសខ្លាំងណាស់ដល់ប្រទេសកម្ពុជា តាមរយៈផលិតវីដេអូប្រឌិតរឿងអាក្រក់ ដែលមិនមែនជាការពិតនោះ។
ទន្ទឹមគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសព្រមានដល់បុគ្គល ណា ដែលយកកម្ពុជាជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពអាក្រក់ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រ ទេសកម្ពុជានោះ នឹងត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស ដូចករណីជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនបន្ទាប់ពីពួកគេប្រឌិតរឿង មិនពិតនៅខេត្តព្រះសីហនុយ៉ាងដូច្នេះដែរ។
សូមបញ្ជាក់ថា តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួនពីរនាក់ ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។
ជនជាតិចិនតៃវ៉ាន់ទំាងពីរនាក់នេះ ១.ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងទី២.មានឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)។ ពួកគេទាំងពីរនាក់នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេទាំងពីរនាក់នេះបានផលិតវីដេអូប្រឌិតរឿងមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ដូចជាធ្វីតធើ ហ្វេសបុក និងTikTokជាដដើម៕